Thursday, August 24, 2017

ការងាតម្លើងក្តារពុម្ពសសរ

ការងាតម្លើងក្តារពុម្ពសសរ

-ក្តារពុម្ពជាការងារសំខាន់ ដែលតំរូវអោយអ្នកសាងសង់ត្រូវតែយកចិត្តទុកដាក់បំផុតនៅពេលសាងសង់ ព្រោះថាពុម្ពជាអ្នកកំណត់នូវរូបរាងរបស់គ្រឿងបង្គុំសំណង់ ។ -ជាទូទៅគ្រប់ការងារសំណង់ទាំងអស់ តែងតែជួបប្រទះនូវរាល់ការងារតំឡើងពុម្ពគ្រឹះជើងតាង (ជើងតាង កសសរ ធ្នឹមក្រវ៉ាត់ សសរ កំរាលខ័ណ្ឌ...៘)មុនពេលលេចចេញជារូបរាងជើងតាងធ្នឹម និង សសរ យើងត្រូវធ្វើពុម្ព និងចាក់បេតុង ដូច្នេះពុម្ពមានច្រើនប្រភេទនិងច្រើនសណ្ឋានខុសៗគ្នាពុម្ពខ្លះធ្វើពី បន្ទះក្តារ ប្ញដែក...។ រីឯទំហំរបស់ពុម្ពអាស្រ័យទៅតាមទំហំរបស់គ្រឿងបង្គុំអាគារ។ ពុម្ពដែលយើងត្រូវតំឡើង មានច្រើនប្រភេទគឺៈ ១- ពុម្ពឈើក្តារបន្ទះ ២- ពុម្ពក្តារកុងប្លាកេ ៣- ពុម្ពដែក ៤- ពុម្ពជ័រ ចំពោះពុម្ពទាំងអស់នេះយើងអាចតំឡើងបានគ្រប់ការងារទាំងអស់ដែលការងារសំណង់ត្រូវការដូចជាៈ -ពុម្ពជើងតាង -ពុម្ពសសរ ធ្វើជាសសរជ្រុង រឺមូលតាមប្លង់តំរូវ -ពុម្ពធ្នឹមលើ និង ធ្នឹមក្រោម -ពុម្ពកំរាល... -ការតំឡើងក្តារពុម្ព ដោយការតំឡើងនេះយើងត្រូវតំឡើតអោយចំអក្ស័ដែលគេបានកំណត់រួចហើយ បន្ទាប់មកយើងលើកយកមកផ្គុំ គ្នាតាមទិសឈរ ដោយវាយភ្ជាប់ ឬ ផ្សារភ្ជាប់ ពីក្តារពុម្ពមួយចំហៀងទៅពុម្ពមួយចំហៀងទៀត ។ បន្ទាប់ពីភ្ជាប់ក្តារពុម្ពបានទាំង ៤ជ្រុងហើយ យើងត្រូវ វាយភ្ជាប់ដៃឃ្នាស់ផ្អោបក្តារពុម្ពទាំង៤ជ្រុងបន្ថែមទៀត ចំពោះសសរដែលមានមុខកាត់(60cm x 60cm)គេយកគំលាត(50cm) ដើម្បីការពារកុំក្តារពុម្ពប៉ោង ឬ ផ្ទុះពេលចាក់បេតុង ។ បន្ទាប់មកទៀតយើងដាក់ជន្ទល់ ទល់ទាំង៤ ជ្រុង ដើម្បីអោយពុម្ពសសរមានលំនឹងបានល្អ បន្តែនៅផ្នែកខាងក្រោមនៃជើងជន្ទល់ត្រូវដាក់ដែកអ៊ុយ(U) ពីក្រោមដើម្បីងាយស្រួលក្នុងការកែរតំរូវនៅពេលសសររបស់យើងមិនត្រង់ ដូចរូប(៤)។ ចំពោះផ្នែកខាងចុងនៃជើងក្រោមរបស់ដែកអ៊ុយ(U) ត្រូវធ្វើអោយជាប់ជាមួយនឹងកំរាលខ័ណ្ឌ។

-ការប្រយោលសសរ គឺជាការងារសំខាន់ដើម្បីផ្ទៀងផ្ទាត់សសរ អោយបានត្រង់ល្អ។ បន្ទាប់ពីការតំឡើងពុម្ព និងប្រើជន្ទល់រួចហើយ យើងចាប់ផ្តើមប្រយោលសសរ ដោយការប្រយោលសសរប្រើកម្លាំងមនុស្សពី២ ទៅ៣ នាក់ ដោយការប្រយោលនេះ ដំបូងយើងត្រូវបណ្តុះដែកឬឈើ ដាក់អោយកែងនៅផ្នែកខាងលើនៃក្តារពុម្ពដែលមានប្រវែងណាមួយសមរម្យ ដើម្បីទុកចងខ្សែប្រយោលពីលើចុះក្រោម។ ការប្រយោលសសរធ្វើដូចខាងក្រោមៈ + ចងខ្សែប្រយោលជាមួយដែកឬ ឈើដែលយើងបានដាក់អោយកែងនៅផ្នែកខាងលើនៃ ក្តារពុម្ព រួចទំលាក់កូនប្រយោលមកក្រោម + វាស់ប្រវែងផ្នែកខាងលើ ដែលគិតពីគេមក្តារ ដល់ខ្សែប្រយោលបានប្រវែង( A ) +វាស់ប្រវែងផ្នែកខាងក្រោម យើងវាស់ចេញពីគេមក្តារពុម្ព ដល់អក្ស័នៃកូនប្រយោលតាមប្រវែង( A )អោយបានត្រឹមត្រូវ។ ប្រសិនបើប្រវែងខាងក្រោម មិនត្រឹមត្រូវដូចប្រវែង(A)នោះបង្ហាញថាសសរ របស់យើងមិនបានត្រឹមត្រូវទេ ដូចនេះយើងអាចត្រួតពិនិត្យជើងជន្ទល់នៅត្រង់ដែកអ៊ុយ(U)ដើម្បើតំរូវប្រវែងខាងក្រោមត្រឹមត្រូវនឹងប្រវែងខាលើ +ការប្រយោលនេះដើម្បីអោយមានភាពលំអៀងកាន់តែតិច គឺត្រូវប្រយោលម្តង់ ២ឬ៣ ខ្សែប្រយោលនៃក្តារពុម្ព មួយចំហៀង ហើយយើងប្រយោលទាំង ៤ទិសនៃពុម្ពសសរ (រូបទី៥)។

-ដើម្បីធ្វើក្តារពុម្ពប្រពឹត្តទៅបានល្អចាំបាច់យើងត្រូវ ដឹងពីច្បាប់និរភ័យ ហើយដាច់ខាតត្រូវតែអនុវត្ត អោយបានម៉ឺងម៉ាត់ចំពោះការងារទាំងអស់ដែលត្រូវធ្វើ។ ប្រសិនបើយើងធ្វេសប្រហែសតែមួយវិនាទីណានោះ គ្រោះថ្នាក់នឹងកើតឡើងជាមិនខានឡើយ។ ដូច្នេះយើងគប្បីត្រូវតែប្រុងប្រយ័ត្នជានិច្ចនូវរាល់អំពើដែលយើង បានធ្វើទាំងអស់ៈ - នៅពេលកាត់ឈើដោយរណាតុបង្គុំត្រូវតែមានលំនឹងល្អ - ក្នុងពេលកាត់ត្រូវតែប្រុងប្រយ័ត្នជានិច្ច - ត្រូវដាក់ផ្លាកសញ្ញាហាមឃាត់ពីកន្លែងគ្រោះថ្នាក់ - កាន់ពូថៅចាំងឈើត្រូវកាន់អោយណែនក្នុងដៃ - មុនពេលចាំងឈើត្រូវត្រួតពិនិត្យផ្លែពូថៅក្រែងរលុងស្នៀត - ក្នុងពេលធ្វើការមិនត្រូវប្រឡែងគ្នាជាដាច់ខាត - ក្នុងពេលអនុវត្តការងារកាត់ឈើដោយប្រើម៉ាស៊ីនកាត់ដោយប្រើចរន្តអគ្គីសនីចាំបាច់យើងត្រូវត្រួតពិនិត្យមើលនូវមុខតំណខ្សែភ្លើងត្រូវរុំអោយបានជាប់ល្អ ជៀសវាងនូវ គ្រោះថ្នាក់ឆក់ ត្រូវត្រួតពិនិត្យផ្លែរណាត្រូវមួល រឺ រឹតអោយបានជាប់ ចៀសវាងរបូត ចេញ។ - ធ្វើការជាមួយម៉ាស៊ីនកាត់ឈើដោយដៃ ត្រូវពាក់វ៉ែនតាការពារភ្នែក ពាក់ម៉ាសការពារច្រមុះ ពាក់ស្បែកជើងកវែង ដើម្បីការពារសុវត្ថិភាព។ - ក្នុងពេលឈប់សំរាកឧបករណ៏ទាំងអស់ត្រូវរៀបចំទុកដាក់អោយមានសណ្តាប់ធ្នាប់ល្អ។

No comments:

Post a Comment